Ad Code

រឿង ភូមិខ្មោច (ភាគ៦)

វណ្ណារ៉ាបានដើរទៅកាន់ព្រះវិហារ នៅពេលចូលទៅដល់ក្នុងវិហារ ក៏ឃើញព្រះពុទ្ធបដិមាទាំងអស់សុទ្ធតែគ្មានព្រះកេសគេក៏គិតដល់ព្រះកេសដែលមិត្តរបស់គេនិយាយភ្លាម។ ទោះបីជាព្រះពុទ្ធបដិមាមិនមានព្រះកេសក៏ដោយ វណ្ណារ៉ាបានឱនកាយវាចាចិត្តក្រាបថ្វាយបង្គំព្រះពុទ្ធបដិមាដោយក្ដីគោរព។
ខ្មោចលោកតាក៏បាននិមន្តមកដល់ លោកឃើញវណ្ណារ៉ាក៏មានសង្ឃដីកាថា៖
-ហេតុអ្វីមិនព្រមចេញអោយផុតទៅ ត្រលប់មកវិញធ្វើអ្វី?
វណ្ណាក៏បានក្រាបថ្វាយបង្គំលោកតាខ្មោច រួចក៏បានទូលប្រាប់លោកថា៖
-ខ្ញុំកាណាមកនេះគឺម្រកមិត្តរបស់ខ្ញុំ ខ្ញុំកាណាសង្ស័យថាពួកគេនៅទីនេះ។
លោកតាខ្មោចដឹងថាគ្នីគ្នារបស់គេនៅទីណា តែលោកតាអេះអុញមិនហ៊ានប្រាប់ព្រោះខ្លាចខ្មោចពួកអ្នកភូមិ។ លោកបានបញ្ចេញឫកពាអោយវណ្ណារ៉ាសង្ស័យ វណ្ណារ៉ាក៏បានជជីកទូលសួរលោកតាថា៖
-លោកតាដឹងថាគ្នាខ្ញុំកាណានៅទីណាមែនទេ? សូមលោកតាអាណិតមេត្តាជួយប្រាប់ខ្ញុំកាណាអោយបានដឹងផង។
លោកតាហាក់មិនដាច់ព្រះទ័យនោះឡើយ លោកមិនបានមានសង្ឃដីកាប្រាប់ឡើយ តែលោកបានបែរព្រះភក្ត្រក្រលេកមើលទៅបល្លង្កព្រះ រួចបែរមកសម្លឹងមុខវណ្ណារ៉ាវិញជាការបង្ហាញប្រាប់។
វណ្ណារ៉ាយល់អំពីការបង្ហាញរបស់លោកតា រួចគេក៏ទូលទៅកាន់លោកវិញថា៖
-ខ្ញុំកាណាដឹងហើយ។
នៅពេលនោះមេភូមិខ្មោចនិងអ្នកភូមិជាច្រើនបានមកដល់។ ដឹងថាលោកតាបង្ហាញកន្លែងឃុំខ្លួនអ្នកទាំងបីដល់វណ្ណារ៉ា មេភូមិខ្មោចបានខឹងសម្បារយ៉ាងខ្លាំង ក៏បញ្ជារអោយគេចាប់ខ្លួនលោកតាទៅធ្វើទារុណកម្ម។
នៅពេលដែលគេកំពុងតែចាប់គ្រាកលោកតាចេញទៅ មេភូមិខ្មោចបាននិយាយទូលទៅកាន់លោកតាដោយគ្មានការគោរពសោះថា៖
-យើងអោយនៅចាំវត្តមិនព្រមបំពេញតាមតួនាទីរបស់ខ្លួននោះទេ បែរជាមកចូលដៃចូលជើងជាមួយពួកមនុស្សទៅវិញ។
វណ្ណារ៉ាអាណិតលោកតាយ៉ាងខ្លាំង ដល់ក្នុងដំណាក់កាលនេះហើយ គេហាក់លែងខ្វល់អំពីជីវិតរបស់ខ្លួនទៀតហើយ គេក៏និយាយទៅកាន់មេភូមិខ្មោចខ្លាំងៗដោយមិនញញើតនិងដោយការឈឺចាប់ព្រោះគិតថាខ្លួននឹងត្រូវស្លាប់ថា៖
-ស្លាប់ជាខ្មោចហើយ ម្ដេចក៏មិនទៅចាប់ជាតិថ្មីទៅ! តើនៅជាខ្មោចបែបនេះមានន័យអ្វី?
នៅពេលវណ្ណារ៉ានិយាយហាក់មិនកោតក្រែងមេភូមិខ្មោចបែបនេះ ពួកអ្នកភូមិខ្មោចក៏នាំគ្នាសម្រុកចូលបំរ៉ុងនឹងសម្លាប់វណ្ណារ៉ា តែមេភូមិខ្មោចបានហាមឃាត់ពួកគេមិនទាន់អោយសម្លាប់នៅពេលនេះទេ។ ស្តាប់សម្តីរបស់វណ្ណារ៉ា ធ្វើអោយលោកមេភូមិឈរសញ្ជឹងគិតដូចជានឹករលឹកដល់រឿងអ្វីមួយ ក្រោយពីឃាត់ពួកអ្នកភូមិខ្លួន មេភូមិខ្មោចក៏បានរៀបរាប់ទៅកាន់វណ្ណារ៉ាដោយទឹកមុខស្រមើស្រមៃទៅកាន់អតីតកាលថា៖
-ឯងគិតថាយើងសុខចិត្តនៅជាខ្មោចបែបនេះគ្មានន័យខ្លឹមសារទេមែនទេ? បើឯងជាយើង នោះទើបឯងដឹងថាវាមានន័យធំធេងប៉ុណ្ណាសម្រាប់យើង ។
វណ្ណារ៉ាស្តាប់មេភូមិខ្មោចនិយាយមកប៉ុណ្ណេះ ហាក់យល់ពីអារម្មណ៍មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់មេភូមិខ្មោច។
ចម្ងល់ក៏កើតមានឡើងគេក៏បានសួរមេភូមិខ្មោចថា៖
-តើវាមានន័យដូចម្តេចទៅ?
មេភូមិខ្មោចហាក់ប្រែជាស្លូតមួយរំពេចព្រោះធាតុពិតមិនមានសារជាតិជាអ្នកកំណាចឃោឃៅអ្វីឡើយ ហើយភាពកាចឃោឃៅកន្លងមកគឺបង្ខំចិត្តធ្វើខុសពីសារជាតិខ្លួនឯងតែប៉ុណ្ណោះ។
មេភូមិខ្មោចក៏បានដំណាលរឿងរបស់ខ្លួនអោយវណ្ណារ៉ានិងអ្នកភូមិខ្មោចស្តាប់ដូចតទៅ៖
-ក្នុងគ្រាដែលក្នុងភូមិរាតត្បាតជំងឺអាសន្នរោគទប់លែងជាប់ ក្នុងនាមខ្លួនជាមេភូមិ ខ្ញុំបានអោយអ្នកភូមិដែលគ្មានជំងឺចាកចេញពីភូមិទៅនៅកន្លែងផ្សេងដើម្បីបញ្ចៀសអំពីអាសន្នរោគ ក្នុងនោះក៏មានភរិយាជាទីស្រលាញ់របស់ខ្ញុំនិងកូនៗរបស់ខ្ញុំផងដែរ។ កាលនោះខ្ញុំមិនទាន់ឆ្លងជំងឺនោះទេ តែខ្ញុំជាមេភូមិត្រូវតែនៅមើលការខុសត្រូវអ្នកភូមិដែលឆ្លងរោគ ខ្ញុំមិនអាចទៅចោលពួកគេបានឡើយ។ ខ្ញុំសុខចិត្តអោយប្រពន្ធនិងកូនៗចេញទៅទាំងអាល័យ ដោយពេលនោះប្រពន្ធរបស់ខ្ញុំបានសន្យានឹងខ្ញុំថា នឹងត្រលប់មករកខ្ញុំនៅពេលក្នុងភូមិអស់ជំងឺអាសន្នរោគ។ តែមកដល់ពេលនេះខ្ញុំរង់ចាំនាងអស់រយៈពេលរាប់រយឆ្នាំមកហើយមិនឃើញពួកគេមករកខ្ញុំវិញសោះ តែខ្ញុំនៅតែមានសង្ឃឹមនិងនៅតែទន្ទឹងចាំនាងនិងកូនៗ ត្រលប់មកវិញជានិច្ច។
នៅមានត...

Post a Comment

0 Comments