រឿងនេះខ្ញុំបានស្តាប់ពីអ្នកមីងម្នាក់ឈ្មោះ លាង គាត់បាននិយាយរឿងដែលគាត់បានជួបខ្មោចកាលពីគាត់នៅក្មេងប្រាប់ខ្ញុំ។ កាលនោះគាត់ទើបតែមានអាយុ៨-៩ ឆ្នាំប៉ុណ្ណោះ គឺនៅកំឡុងឆ្នាំ១៩៨០ ដែលប្រទេសខ្មែរយើងទើបតែរួចអំពីរបបប្រល័យពូជសាសន៍ថ្មីៗដែរទេ។
កាលនោះគាត់ចូលចិត្តដើរលេងទៅណាមកណាតែម្នាក់ឯងមិនចេះខ្លាចនោះឡើយ។ ថ្ងៃមួយគាត់បានដើរទៅបេះផ្លែព្រីងនៅឯក្បែរព្រែកខាងចុងភូមិ ព្រោះនៅទីនោះមានដើមព្រីងធំៗហើយមានផ្លែច្រើនណាស់។ នៅពេលទៅដល់កន្លែងដើមព្រីងគាត់ឃើញមានផ្ទះទៀមមួយខ្នងនៅក្បែរដើមព្រីងនោះ។ នៅក្នុងផ្ទះឃើញមានសមាជីកគ្រួសារចំនួន៣នាក់គឺឪពុកម្តាយនិងកូនស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ ហើយមើលទៅសាច់ឈាមនិងការស្លៀកពាក់របស់ពួកគេអាចអោយដឹងបានថាគឺជាចិនឆៅ។
នៅពេលឃើញគាត់អ្នកទាំង៣បានសើចដាក់គាត់គ្រប់គ្នា ហើយគាត់ចាំបានថា បុរសជាប្តីមានដាក់ធ្មេញមាសទៀតផង។ បុរសជាប្តីបាននិយាយមកកាន់គាត់ទាំងមិនបង្ហើបមាត់ទាល់តែសោះ គ្រាន់តែសើចដាក់គាត់ក៏ឮសម្លេងបុរសនោះហៅគាត់អោយចូលទៅយកនំអាកោញ៉ាំ គាត់ក៏បានចូលទៅក្នុងផ្ទះនោះ ព្រោះតែមិនដឹងថាពួកគេជាខ្មោចនោះឡើយ។
ទាំង៣នាក់ប្តីប្រពន្ធនិងកូនសុទ្ធតែនិយាយមកកាន់គាត់ដោយមិនហារមាត់ គឺសើចដាក់គាត់ក៏ឮសម្លេងក្នុងត្រចៀកតែម្តង គាត់មិនចាប់អារម្មណ៍ថាពួកគេទាំងនោះជាខ្មោចនោះទេ ប្រហែលមកពីកាលនោះគាត់នៅក្មេងហើយខ្មោចបង្ហាញខ្លួនមិនមានភាពគួរអោយខ្លាច។ គ្រួសារនោះរួសរាយរាក់ទាក់និងចិត្តល្អដាក់គាត់ណាស់ នៅពេលញ៉ាំនំអាកោឆ្អែតគាត់ក៏សុំត្រលប់ទៅផ្ទះវិញ ហើយពីនាក់ប្តីប្រពន្ធថែមទាំងផ្តាំគាត់ថា ថ្ងៃក្រោយអោយឧស្សាហ៍មកលេងផ្ទះខ្លួនទៀតផង។
នៅពេលមកដល់ផ្ទះ ម្តាយគាត់ក៏បានសួរគាត់ថាទើបតែមកពីណា? គាត់ក៏បានប្រាប់ម្តាយតាមត្រង់ដូចអ្វីដែលបានជួប។ ក្រោយពីបានស្តាប់គាត់រៀបរាប់ប្រាប់ចប់អស់ហើយ ម្ដាយគាត់ក៏ស្តីបន្ទោសអោយគាត់និងហាមមិនអោយគាត់ទៅទីកន្លែងនោះទៀតទេ តែមិនបានប្រាប់ថាវាគឺខ្មោចលងឡើយ ប្រហែលជាម្តាយគាត់ខ្លាចកូនភ័យទើបមិនប្រាប់។ នៅពេលនោះគាត់បានឃើញម្តាយគាត់ប្រញាប់ប្រញាលយកអង្ករមកបាចនៅមុខផ្ទះដើ់ម្បីបញ្ជៀសឧបទ្រុបចង្រៃចេញពីផ្ទះ និងបានសូត្រធម៌យកខ្សែសីមាមកចងពាក់អោយគាត់ហើយមើលទៅម្តាយគាត់ដូចជាខ្វល់ខ្វាយព្រួយបារម្ភខ្លាំងណាស់។
លុះកន្លងមកជាច្រើនឆ្នាំគាត់ធំដឹងក្តី ទើបម្តាយគាត់នឹកឃើញយករឿនេះមកនិយាយប្រាប់គាត់ថា កាលពីនៅតូចគាត់ត្រូវខ្មោចលង ខ្មោចហៅអោយទៅញ៉ាំនំអាកោ តាមការពិតនៅកន្លែងដើមព្រីងនោះគ្មានផ្ទះសម្បែងអ្វីនោះទេ មានតែផ្នូរខ្មោចចិននៅក្បែរដើមព្រីងនោះតែប៉ុណ្ណោះ។
នៅពេលដឹងការពិត គាត់មិនមានអារម្មណ៍ភ័យខ្លាចអ្វីនោះឡើយ ព្រោះវាបានកន្លងហួសទៅហើយ។ ប៉ុន្តែគាត់បែរជាគិតថាខ្មោចនោះមិនមែនចង់លងបន្លាចគាត់នោះទេ ប្រហែលជាគេមានចិត្តល្អចង់អោយនំគាត់ញ៉ាំតែប៉ុណ្ណោះ។ បើខ្មោចនោះចង់លងអោយគាត់ខ្លាចប្រហែលជាមិនមែនបង្ហាញខ្លួនបែបនោះទេ គឺប្រាកដជាធ្វើមុខមាត់គួរអោយខ្លាចអោយគាត់ភ័យរត់ផាស់ក្រញាំជាមិនខាន៕៚
0 Comments