ក្នុងរាត្រីកាលដ៏សែនស្ងប់ស្ងាត់ មានតែសូរសម្លេងទ្រនិចនាឡិកា ត្រឹក! ត្រឹក! នៅក្នុងផ្ទះវីឡាដ៏ចំណាស់មួយដែលសល់ពីជំនាន់បារាំង។ ម៉ូលី គឺជាចៅស្រីរបស់ម្ចាស់ផ្ទះវីឡាមួយនេះ នាងទើបតែមកនៅក្នុងផ្ទះនេះ ហើយរាត្រីនេះក៏ជារាត្រីដំបូងរបស់នាងដែលមកគេងក្នុងវីឡាមួយនេះផងដែរ។
ដោយសារតែប្លែកកន្លែងម៉ូលីនាងគេងមិនលក់ទាល់តែសោះ។ ម៉ូលីសម្លឹងមើលទៅមាត់បង្អួចដែលមានវាំងននពណ៌សកំពុងត្រូវខ្យល់បក់ប៉ើងចុះប៉ើងឡើង សម្លឹងមើលយូរៗទៅវាំងនននោះហាក់ដូចជាមានព្រលឹងវិញ្ញាណ តែទោះជាយ៉ាងណាវាគ្រាន់តែជាការគិតស្រមើស្រមៃរបស់នាងតែប៉ុណ្ណោះ។ ម៉ូលីគឺជាយុវតីដែលមានស្មារតីរឹងប៉ឹង ថ្វីបើគិតស្រមៃឃើញដូច្នេះតែនាងមិនភ័យខ្លាចនោះទេ។
គិតពីនេះគិតពីនោះ ម៉ូលីក៏លង់លក់ដោយមិនដឹងខ្លួន គ្រាន់តែនាងលក់ភ្លឹបភ្លាម ក៏មានវិញ្ញាណមនុស្សស្រីស្លៀកសម្លៀកបំពាក់បុរាណបានបង្ហាញខ្លួននៅចុងជើងរបស់នាង។ វិញ្ញាណខ្មោចស្រីនោះសម្លឹងមើលមុខម៉ូលីដោយទឹកមុខខឹងស្អប់តែមានភាពនឹងធឹងតាមចរិតមារយាទមនុស្សសម័យមុនព្រមដោយវាចាថា៖
-ទីបំផុតនាងក៏មកដើម្បីអោយយើងបានសងសឹក!
និយាយរួចហើយក៏លូកដៃទៅច្របាច់ក៏ម៉ូលី ធ្វើអោយម៉ូលីតឹងថប់ដង្ហើមខំស្រែកអោយគេជួយទាំងកំពុងគេងលក់។ ឯខ្មោចស្ត្រីបុរាណនោះក៏ខំប្រឹងច្របាច់កម៉ូលីហើយខំសម្លឹងទៅនាងដោយកែវភ្នែកមុតស្រួចព្រមទាំងពោលថា៖
-យើងរង់ចាំឱកាសនេះជាយូរមកហើយ នាងម្លិះ! នាងឯងដណ្ដើមសង្សារពីយើង! នាងឯងជាដើមហេតុដែលធ្វើអោយយើងស្លាប់! ពេលនេះយើងសម្លាប់ឯងវិញម្តង!
ម៉ូលីខំប្រឹងស្រែករហូតដល់ភ្ញាក់ដឹងខ្លួន នៅពេលដែលនាងដឹងខ្លួនវិញ្ញាណខ្មោចនោះក៏បាត់ដែរ ។ ម៉ូលីនាងហត់យ៉ាងខ្លាំងនិងបែកញើសជោគតែម្តង នាងបានយកដៃស្ទាបករបស់នាងទាំងពោលថា៖
-យល់សប្តិ! តែវាដូចជាការពិតខ្លាំងណាស់។ (ទាំងទឹកមុខស្លេកស្លាំង)
ខ្មោចនាងឆោមដែលចូលមកច្របាច់កម៉ូលីអម្បែងមិញកំពុងតែសម្លឹងមើលមកនាងនៅមាត់បង្អួចទាំងក្តីមិនអស់ចិត្តនិងបានរអ៊ូថា៖
-ស្តាយណាស់! កុំតែខ្លាចនាងឯងឃើញយើងហើយស្រែកផ្អើលដល់ជំនៀងផ្ទះទេ កុំអីនាងឯងស្លាប់ជាមិនខានឡើយ នាងម្លិះ!
ជំនៀងផ្ទះដែលកំពុងតែនៅពីក្រោយខ្មោចនាងឆោមបាននិយាយមកកាន់នាងថា៖
-យើងប្រហែសតែបន្តិច នាងក៏ចូលទៅធ្វើបាបមនុស្ស មិនគិតចង់សន្សំបុណ្យទៅចាប់ជាតិកំណើតថ្មីទេឬ?
ខ្មោចនាងឆោមក៏បែរមកឆ្លើយតបមកវិញថា៖
-ខ្ញុំមិនដែលគិតចង់ទៅណា ដរាបណាខ្ញុំនៅមិនទាន់បានសងសឹក!(ទឹកមុខមុតមាំ)
ជំនៀងផ្ទះក៏ទូន្មានប្រាប់ខ្មោចនាងឆោមថា៖
-ការចងកម្មចងពៀរនឹងគ្នាបែបនេះ វាមានតែបន្តក្តីឈឺចាប់ទុក្ខព្រួយវេទនាដល់ខ្លួនឯងតែប៉ុណ្ណោះ ឈប់ទៅណាឆោម ឈប់ចងកម្មចងពៀរនឹងមនុស្សទៅ។
ខ្មោចនាងឆោមក៏ទួញសោកព្រោះនឹកដល់រឿងអតតីតកាលដ៏ឈឺចាប់ ហើយក៏បានរៀបរាប់ប្រាប់ជំនៀងផ្ទះថា៖
-មិនអាច! មិនអាចបញ្ឈប់ទៅងាយៗបែបនេះទេ ដោយសារតែវា វាធ្វើអោយខ្ញុំក្លាយទៅជាបែបនេះ នឹកឃើញទៅដល់រឿងនោះ ខ្ញុំពិតជាមិនអាចអត់ឱនអោយវាជាដាច់ខាត! ។(ទាំងទឹកភ្នែកនិងទឹកមុខពេញដោយគំនុំ)
ជំនៀងផ្ទះក៏ព្យាយាមពន្យល់នាងទៀតថា៖
-គេក៏បានទទួលកម្មរបស់គេរួចហើយទើបគេបានកើតមកជាមនុស្ស ឆោមកុំទៅចងកម្មចងពៀរនិងគេអី បើឆោមមិនស្តាប់តាមយើងទេ ឆោមនោះទេដែលជាអ្នករងទុក្ខ។
ខ្មោចនាងឆោមក៏តបយ៉ាងខ្លីវិញថា៖
-ខ្ញុំមិនឈប់! ខ្ញុំនឹងសងទៅនាងវិញដោយផ្ទាល់ដៃ ចាំមើលទៅ!
និយាយតែប៉ុណ្ណឹងក៏បំបាំងកាយបាត់ទៅ ឯជំនៀងផ្ទះបានត្រឹមតែសៅហ្មងចិត្តព្រោះហាមឃាត់ឆោមមិនបាន។
ពេលព្រឹកព្រលឹមលោកយាយ ចែម ដែលជាយាយរបស់ ម៉ូលី កំពុងតែចម្អិនអាហារនៅផ្ទះបាយជាមួយនឹងចុងភៅ។ ម៉ូលីក៏បានចូលមកជួយបេះបន្លែនិងធ្វើនេះធ្វើនោះ យាយរបស់នាងឃើញចៅមកជួយបែបនេះសប្បាយចិត្តណាស់ក៏និយាយថា៖
-យាយពេញចិត្តនឹងចៅចូលមកជួយធ្វើការនៅផ្ទះបាយបែបនេះណាស់ ព្រោះវាគឺជាកិច្ចការដែលស្ត្រីគ្រប់រូបត្រូវតែធ្វើ នេះម្តាយចៅមានដែលបង្រៀនដែរឬអត់ចៅ?
ម៉ូលីក៏ឆ្លើយតបដោយមិនរារែកថា៖
-គឺម៉ាក់បង្រៀនច្រើនណាស់លោកយាយ ម៉ាក់និងលោកយាយមិនខុសគ្នានោះទេ។(ញញឹម)
យាយចែមស្តាប់ចៅទាំងញញឹមបិទមាត់មិនជិតនោះឡើយ គាត់ក៏បានតបទៅម៉ូលីវិញថា៖
-អោយខុសគ្នាយ៉ាងម៉េចកើត ព្រោះយាយផ្ទេរចំណេះដឹងអោយនាងឌឺគ្មានសល់បន្តិចនោះទេ។
និយាយហើយក៏សើចកក្អឹក ពេលនោះគាត់ក៏ក្រឡេកទៅឃើញករបស់ម៉ូលីមានស្នាមជាំ គាត់ក៏សួរចៅស្រីថា៖
-ហើយចុះករបស់ឯងកើតស្អីបានជាមានស្នាមជាំងយ៉ាងនេះ?
ម៉ូលីមិនដឹងខ្លួននោះឡើយ នាងក៏ឆ្លើយតបទាំងមុខឆ្ងល់និងយកដៃស្ទាបកថា៖
-ស្នាំជាំ? ខ្ញុំគ្មានអារម្មណ៍ថាឈឺនោះទេលោកយាយ ខ្ញុំមិនបានទៅត្រូវនឹងអ្វីផងហ្នឹង ម៉េចក៏ជាំទៅកើត?
រួចហើយម៉ូលីក៏ប្រញាប់ទៅបន្ទប់ឆ្លុះកញ្ចក់មើល នាងពិនិត្យមើលករបស់ខ្លួនឃើញដូចជាស្នាមច្របាច់ក ទើបនាងនឹកឃើញកាលពីយប់មិញនាងក៏បានលាន់មាត់៖
-យប់មិញជាការយល់សប្តិ ឬក៏ជាការពិត?
រួចហើយនាងក៏ងើបឈរហើយក្រឡេកមើលជុំវិញក្នុងបន្ទប់ដោយទឹកមុខសង្ស័យ បន្ទាប់មកនាងក៏ស្រែកសួរថា៖
-តើនៅក្នុងបន្ទប់នេះមានវិញ្ញាណមែនទេ?
នៅពេលដែលនាងសួរបែបនេះ ថូផ្កានៅលើតុក៏ស្រាប់តែធ្លាក់បែកដោយខ្លួនឯង ដូចជាការផ្តល់ចម្លើយដល់ម៉ូលី។ ម៉ូលីក៏ប្រាកដក្នុងចិត្តថានៅក្នុងបន្ទប់នេះពិតជាមានវិញ្ញាណពិតមែន តែនាងដូចជាគ្មានការភ័យខ្លាចអ្វីបន្តិចទាល់តែសោះ ហើយបែរជាសម្តែងចេញនូវទឹកមុខខឹងចំពោះវិញ្ញាណនោះទៅវិញ។
ម៉ូលីក៏បានចុះមកជួយធ្វើម្ហូបអាហារយាយរបស់នាងនៅឯផ្ទះបាយវិញ តែទឹកមុខមិនស្រស់បស់ដូចពីដំបូងឡើយ។ ដោយចង់ដឹងអំពីរឿងវិញ្ញាណនៅក្នុងផ្ទះនេះ នាងក៏បានសួរលោកយាយនាងថា៖
-លោកយាយ តើផ្ទះនេះមានអាយុកាលប៉ុន្មាឆ្នាំដែរ?
យាយចែមក៏បានរៀបរាប់ប្រាប់ចៅស្រីថា៖
-យាយមិនច្បាស់ថាមានអាយុប៉ុន្មាឆ្នាំនោះទេ តែតាមដែរយាយចាំគឺឆ្លងកាត់៣ជំនាន់ទាំងយាយនេះហើយ។
ម៉ូលីខំផ្តោតអារម្មណ៍ស្តាប់លោកយាយរបស់នាងរៀបរាប់ប្រាប់យ៉ាងយកចិត្តទុកដាក់ រួចនាងក៏បានសួរយាយរបស់នាងទៀតថា៖
-តើលោកយាយជឿថានៅក្នុងផ្ទះនេះមានវិញ្ញាណដែរទេ?
យាយចែមឆ្ងល់ណាស់ហេតុអ្វីនៅសុខៗចៅស្រីរបស់ខ្លួនសួររឿងបែបនេះ គាត់ក៏បានឆ្លើយតបថា៖
-យាយមិនដែលជួបនោះទេ ក៏ប៉ុន្តែ...!
កំពុងតែចង់ដឹងតែលោកយាយរបស់នាងបង្ហើបត្រឹមតែពាក្យប៉ុណ្ណឹង ម៉ូលីក៏ជជីកសួរយាយរបស់គេទៀតថា៖
-ប៉ុន្តែយ៉ាងម៉េចទៅលោកយាយ? លោកយាយប្រាប់មកណាកុំលាក់ចៅអីណា។
យាយចែមគាត់ដូចជាមិនចង់និយាយរឿងនោះទេ តែដោយចៅស្រីជជីកសួរបែបនេះគាត់ក៏សម្រេចចិត្តប្រាប់រឿងនោះដល់ម៉ូលីថា៖
-យាយឮមកតៗគ្នាដែរទេ គឺកាលពីមុនមានបាវបម្រើស្រីម្នាក់ស្លាប់នៅក្នុងផ្ទះនេះ ឮថាវិញ្ញាណនាងនោះអុកឡុកអ្នកនៅក្នុងផ្ទះសម្បើមណាស់ តែតាំងពីយាយដឹងក្តីមករស់នៅក្នុងផ្ទះនេះសុខសាន្តរហូត មិនដែលមានអ្វីកើតឡើងនោះទេ។
ស្តាប់លោកយាយរបស់គេនិយាយប្រាប់រឿងនេះ ម៉ូលីក៏ភ្លឹកគិតក្នុងចិត្តថា៖
-លោកយាយមិនដែលជួបប្រទះទេ តែខ្ញុំមកគេងនៅទីនេះយប់ដំបូងបែរជាវិញ្ញាណខ្មោចនោះមកធ្វើបាបខ្ញុំទៅវិញ។
ឃើញចៅកំពុងតែភ្លឹក យាយចែមក៏សួរទៅនាងថា៖
-កំពុងតែគិតអ្វីហ្នឹង? មើលទៅទឹកមុខចៅដូចជាមិនសប្បាយចិត្តសោះ តើមានរឿងអ្វីមែនទេ? ហើយនៅសុខៗក៏សួររឿងបែបនេះ។
ម៉ូលីក៏ខំធ្វើទឹកមុខអោយរីករាយរួចក៏ឆ្លើយតបលោកយាយនាងថា៖
-គ្មានរឿងអ្វីទេលោកយាយ បាននៅក្បែរលោកយាយគឺសប្បាយចិត្តបំផុតហើយ មានរឿងអីដែលធ្វើអោយចៅមិនសប្បាយចិត្តនោះ?
យាយចែមដឹងថាចៅស្រីមានរឿងដែលមិនចង់និយាយប្រាប់ គាត់ក៏ទាញនាងយកមកឱបនឹងដើមទ្រូង រួចក៏អង្អែលសក់នាងទាំងនិយាយថា៖
-យាយដឹងថាចៅមានរឿងលាក់ទុកក្នុងចិត្តមិនចង់និយាយប្រាប់ តែយាយមិនបង្ខំអោយចៅទម្លាយប្រាប់យាយនោះទេ ក៏ប៉ុន្តែបើរឿងនោះទាមទារការពិគ្រោះយោបល់ ចៅមកពិគ្រោះយោបល់ជាមួយយាយនៅពេលណាក៏បាន។
-ចាសលោកយាយ! លោកយាយគឺជាយាយដ៏សែនល្អរបស់ចៅ។(ទាំងទឹកមុខមានក្តីសុខ)
ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួចរាល់ហើយ ម៉ូលីក៏នឹកឃើញចង់ទៅបាចចំណីអោយត្រីស៊ីនៅឯស្រះក្រោយផ្ទះជាការកំសាន្តអារម្មណ៍។ ខ្មោចនាងឆោមបានហោះតាមម៉ូលីគ្រប់ទីកន្លែងនិងនៅក្បែរៗនាងគ្រប់ពេលវេលារង់ចាំឱកាសល្អនឹងសងសឹកម៉ូលី នៅពេលដែលឃើញម៉ូលីទៅកន្លែងស្រះទឹកនាងត្រេកអរណាស់ ព្រោះថានាងនឹងបានឱកាសច្រានម៉ូលីទម្លាក់ទឹកអោយស្លាប់។
នៅលើកញ្ចុះមាត់ស្រះលោកយាយចែមត្រើយខាងលិច មានបុរសសង្ហារវ័យក្មេងម្នាក់កំពុងតែបាចចំណីអោយត្រីស៊ី។ បុរសនោះស្លៀកខោបារាំងពាក់អាវសដៃវែងមូលដៃអាវនិងមានពាក់ក្រវាត់ក ចំណែកឯអាវធំរបស់គេដាក់លើបង្កាន់ដៃកញ្ចុះ គេមានឈ្មោះថា វុត្ថា ជាកូនធម៌របស់លោកយាយចែម គេគឺជាកូនមានស្តុកស្តម្ភមួយរូប ហើយរូបគេក៏ជាម្ចាស់ក្រុមហ៊ុនដ៏ធំម្នាក់ផងដែរ។
ម៉ូលីបាចចំណីត្រីនៅលើកញ្ចុះខាងកើតស្រះ វុត្ថាដែលនៅខាងលិចស្រះក៏បានឃើញម៉ូលីនិងខ្មោចនាងឆោមដែលនៅឈរពីក្រោយនាង តែវុត្ថាចាប់អារម្មណ៍តែចំពោះខ្មោចនាងឆោមប៉ុណ្ណោះ ព្រោះតែនាងស្លៀកពាក់បុរាណ គេឆ្ងល់ថាតើគេស្លៀកពាក់បុរាណមកទីនេះធ្វើអ្វី។ នៅពេលនោះក៏ស្រាប់តែខ្មោចនាងឆោមច្រានម៉ូលីទមម្លាក់ទឹក វុត្ថាបានឃើញហេតុការណ៍ដោយផ្ទាល់ ឃើញម៉ូលីកំពុងតែលង់ទឹកមិនបង្អង់គេក៏ប្រញាប់លោតទៅជួយសង្គ្រោះនាង។
វុត្ថាក៏បានស្រង់ម៉ូលីចេញពីក្នុងស្រះមកដល់លើគោក សំណាងណាស់ដែលវុត្ថាឃើញហើយចុះទៅជួយនាងទាន់ពេលវេលាកុំអីនាងនឹងស្លាប់ជាមិនខាន។ មកដល់លើគោកម៉ូលីក៏ក្អកខេះៗមើលទៅដូចជាឈ្លក់ទឹកខ្លាំងណាស់ វុត្ថាក៏សួរនាំដោយទឹកមុខបារម្ភ៖
-យ៉ាងម៉េចហើយអ្នកនាង អាចទៅរួចដែរទេ?
ម៉ូលីកណ្ដាស់ ឆែត! ឆែត! រួចក៏ឆ្លើយតប៖
-ខ្ញុំមិនអីទេ។ (រួចហើយក៏កណ្ដាស់ម្តងទៀត)
វុត្ថាបានដើរទៅយកអាវធំរបស់ខ្លួនមកពាក់អោយម៉ូលី រួចហើយក៏បានសួរនាងថា៖
-តើមនុស្សស្រីស្លៀកពាក់បុរាណនោះជាអ្នកណា? ខ្ញុំបានឃើញស្រីម្នាក់នោះច្រានអ្នកនាងទម្លាក់ទឹក។
នៅពេលវុត្ថាសួរបែបនេះ ម៉ូលីក៏មានការងឿងឆ្ងល់ ព្រោះនាងមិនបានដឹងថាមានមនុស្សស្រីស្លៀកពាក់បុរាណមកពីណានោះទេ ហើយក៏បានឆ្លើយតបថា៖
-ខ្ញុំដើរមកតែម្នាក់ឯង គ្មានអ្នកណាមកតាមខ្ញុំនោះទេ លោកប្រហែលជាមើលច្រលំហើយ។
វុត្ថាគេបានឃើញច្បាស់ណាស់ គេជឿជាក់ថាគេមើលមិនច្រលំនោះទេ គេក៏បានបញ្ជាក់ថា៖
-ខ្ញុំមើលមិនច្រលំទេ ខ្ញុំឃើញមនុស្សស្រីស្លៀកពាក់បុរាណដើរតាមនាងមក ខ្ញុំក៏ចាប់អារម្មណ៍និងឆ្ងល់ថាតើគេស្លៀកពាក់បែបនេះមកធ្វើអ្វី មនុស្សស្រីម្នាក់នោះឈរពីក្រោយអ្នកនាងនៅពេលអ្នកនាងបាចចំណីអោយត្រី ហើយខ្ញុំក៏ឃើញនាងច្រានអ្នកនាងទម្លាក់ទឹក។
នៅពេលវុត្ថាបញ្ជាក់ប្រាប់បែបនេះម៉ូលីក៏ជឿតាម ហើយនាងគិតថាមនុស្សស្រីម្នាក់នោះប្រាកដជាវិញ្ញាណខ្មោចជាមិនខាន គឺវិញ្ញាណខ្មោចដែលច្របាច់ក៏នាងតាំងពីយប់។ នាងខឹងនឹងខ្មោចនោះណាស់ តែនាងមិនបង្ហាញអារម្មណ៍អោយវុត្ថាដឹងនោះទេ នាងក៏ធ្វើដូចជាធម្មតា ហើយក៏បាននិយាយអរគុណទៅកាន់វុត្ថា៖
-អរគុណលោកខ្លាំងណាស់ដែលបានជួយខ្ញុំ បើគ្មានលោកនៅទីនេះខ្ញុំលង់ទឹកស្លាប់ជាមិនខាន ។
មើលទៅវុត្ថាដូចជាមិនអស់ចិត្តទាល់តែសោះព្រោះគេបានឃើញយ៉ាងច្បាស់ផ្ទាល់ភ្នែក ហើយម៉ូលីបែរជាឆ្លើយថាគ្មានគ្មានមនុស្សដើរតាមនាងនិងច្រាននាងទៅវិញ។ នៅពេលម៉ូលីនិយាយអរគុណខ្លួនបែបនេះគេក៏បានឆ្លើយតបថា៖
-បាទមិនអីនោះទេ។
-លោកបានជួយខ្ញុំ គុណរបស់លោកខ្ញុំសងមិនអស់នោះទេ ដើម្បីជាការតបស្នងខ្ញុំចង់អោយលោកញាំបាយនៅផ្ទះលោកយាយខ្ញុំមួយពេល ខ្ញុំនឹងបានណែនាំលោកអោយលោកយាយរបស់ខ្ញុំបានស្គាល់ផងថាលោកជាអ្នកជួយជីវិតខ្ញុំ។។
-លោកយាយ?(ទឹកមុខភ្ញាក់ផ្អើល)
ឃើញវុត្ថាមានទឹកមុខភ្ញាក់ផ្អើលនិងលាន់មាត់បែបនេះ ម៉ូលីក៏សួរ៖
-យ៉ាងម៉េចនឹងលោក?
វុត្ថាដូចជាសប្បាយចិត្តណាស់នៅពេលដឹងថានាងជាចៅរបស់លោកយាយចែម ហើយក៏តបថា៖
-អរ...! ចាំជួបជាមួយលោកយាយចាំខ្ញុំបកស្រាយ។
ម៉ូលីក៏ងើបឈរ ដោយសារតែទឹកហូរពីខ្លួននាងធ្វើអោយសើមដីធ្វើអោយនាងរអឹលជើងដួលផ្ងារក្រោយ តែវុត្ថាទ្រឱបចង្កេះនាងទាន់កុំអីនាងដួលដល់ដីជាមិនខាន ហើយដៃរបស់ម៉ូលីក៏ស្រវាតោងស្មាវុត្ថាជាប់ មើលទៅដូចជាគេកំពុងរាំរបាំបាឡេហើយភ្នែកនិងភ្នែកក៏សម្លឹងរកគ្នា។ វុត្ថាបានឃើញផ្ទៃមុខដ៏ផូរផង់របស់ម៉ូលី ធ្វើអោយគេញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង គេភ្លឹកសម្លឹងមើលនាងហាក់ដូចជាមិនចង់ដាក់ភ្នែកសោះ ចំណែកឯម៉ូលីវិញអៀនមុខឡើងក្រហម បើកភ្នែកធំៗដាក់វុត្ថាទាំងភាំងភ័នស្មារតី អារម្មណ័នាងពេលនេះ ភ័យផង អៀនផង អរបន្តិចផង។ ម៉ូលីក៏ប្រឹងងើបឈរទាំងឫកពាអ៊ឹមអៀននិងខ្មាសវុត្ថាយ៉ាងខ្លាំងហើយក៏និយាយថា៖
-ស៊យជាន់លើស៊យតែម្តងហើយខ្ញុំនេះ ខ្ញុំអរគុណលោកខ្លាំងណាស់។(ទាំងមិនហ៊ានសម្លឹងមើលមុខវុត្ថាចំនោះទេ)
ចំណែកឯវុត្ថាវិញក្រោយពីបានក្រសោបឱបចង្កេះរបស់ម៉ូលី និងបានសម្លឹងកែវភ្នែកគ្នាមក គេហាក់ដូចជាត្រូវមន្តសណ្ដំបន្ទត់ចិត្តគេអោយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងដោយមិនដឹងខ្លួន។ គេក៏បានឆ្លើយតបទាំងបេះដូងនៅលោតខុសចង្វាក់នៅឡើយថា៖
-បាទអ្នកនាង!(របៀបកំពុងស្លុងក្នុងអារម្មណ៍)
ខ្មោចនាងឆោមខឹងចិត្តយ៉ាងខ្លាំង ព្រោះសម្លាប់ម៉ូលីមិនបានសម្រេចនិងបានឃើញវុត្ថានិងម៉ូលីកំពុងតែជួបគ្នាហើយដូចជាកំពុងតែមានចិត្តទៅលើគ្នា។ នាងរឹតតែមិនសុខចិត្ត ក្រៅពីបរាជ័យក្នុងការសម្លាប់ម៉ូលីហើយ ក៏នាំអោយពួកគេទាំងពីបានជួបគ្នាទៀត ពីព្រោះកាលពីអតីតជាតិ ខ្មោចនាងឆោមនិងវុត្ថាធ្លាប់ជាសង្សារនឹងគ្នាហើយម៉ូលីគឺជាអ្នកដណ្ដើមវុត្ថាពីនាង។
ខ្មោចនាងឆោមដូចជាខឹងនិងឈឺចិត្តខ្លាំងណាស់ នាងបានសម្លឹងមើលទៅម៉ូលីនិងវុត្ថាដែលកំពុងតែបណ្ដើរគ្នាចេញទៅទាំងទឹកមុខពេញដោយកំហឹងហើយពោលប្តេជ្ញាថា៖
-កុំសង្ឃឹមថាបានសុខនឹងគ្នាអោយសោះ! យើងនឹងធ្វើអោយពួកឯងឈឺចាប់ទ្វេដង ច្រើនជាងការឈឺចាប់ដែលពួកឯងផ្តល់អោយយើងទៅទៀត!
នៅមានត...
0 Comments