កំឡុងពេលដែលមេភូមិខ្មោចប្រើគេអោយចាប់លោកតាទៅធ្វើទារុណកម្មនោះ
វណ្ណារ៉ាបានលួចផ្ញើសារទៅកាន់លក្ខិណាអោយនាំគ្នាខំប្រឹងទំលុះទ្វាចេញមក រួចហើយអោយប្រញាប់យកព្រះកេសពុទ្ធបដិមាមកផ្គុំលើព្រះកាយទ្រង់វិញ នោះពួកខ្មោចទាំងអស់នឹងចុះចាញ់បារមីព្រះអង្គជាមិនខាន។ ពួកគេទាំងបីក៏ខំប្រឹងប្រែងទំលុះទ្វាបល្ល័ង្ករហូតទាល់តែរបើក រួចហើយក៏ប្រញាប់យកព្រះកេសពុទ្ធបដិមាចេញមកដើម្បីយកទៅផ្គុំ។
មេភូមិខ្មោចក្រោយពីរៀបរាប់រឿងរ៉ាវរបស់ខ្លួនហើយក៏បាននិយាយបញ្ចុះបញ្ចូលវណ្ណារ៉ាអោយព្រមស្លាប់ធ្វើជាអ្នកភូមិរបស់ខ្លួនថា៖
-ព្រមប្រគល់ជីវិតតាមសម្រួលទៅកុំព្យាយាមគេចវេសទៅណា បូជាជីវិតអោយពួកយើងទៅ ក្រោយពីស្លាប់ឯងនឹងបានក្លាយជាសមាជិកនៅក្នុងភូមិជាមួយនឹងពួកយើងជាមិនខាន វាប្រសើរជាងពិភពខាងក្រៅរបស់ពួកឯងទៅទៀត។
នៅពេលនោះខ្មោចតាអាចារ្យក៏បានកាន់ក្បាលរបស់ខ្លួនដើរចូលមក
មកដល់ក៏និយាយទៅកាន់វណ្ណារ៉ាថា៖
-ឯងបានធ្វើអោយយើងដាច់ក្បាល់យើងនឹងសងសឹកឯង!
រួចហើយខ្មោចតាអាចារ្យទុកក្បាលមួយកន្លែងឯខ្លួនក៏សម្រុកទៅរកវណ្ណារ៉ា រីឯក្បាលស្រែកអោយពួកខ្មោចអ្នកភូមិចូលមកជួយសម្លាប់ថា៖
-ឆាប់នាំគ្នាសម្លាប់វាទៅ!
ខ្មោចអ្នកភូមិនៅអេះអុញមិនហ៊ានទៅតាមបញ្ជារខ្មោចតាអាចារ្យនោះទេ
ពីព្រោះខ្មោចមេភូមិនមិនទាន់អនុញ្ញាត។ ខ្មោចកូនតាអាចារ្យដែលនៅក្នុងចំណោមនោះខឹងនឹងវណ្ណារ៉ាណាស់ដែលបានធ្វើអោយឪពុករបស់ខ្លួនដាច់ក្បាល ទ្រាំមិនបានក៏នាំគ្នាចូលទៅសម្លាប់វណ្ណារ៉ាជាមួយឪពុករបស់ខ្លួន។
វណ្ណារ៉ាដឹងខ្លួនថាមិនអាចយកឈ្នះពួកខ្មោចទាំងនោះបានក៏នៅស្ងៀមបិទភ្នែកដោយក្តីអស់សង្ឃឹម ព្រោះតែគិតថាខ្លួននឹងត្រូវស្លាប់ជាមិនខាន។ ពួកខ្មោចកូនចៅតាអាចារ្យបាននាំគ្នាឈរព័ន្ធវណ្ណារ៉ា
ហើយកូនម្នាក់បាននិយាយថា៖
-ឯងហ៊ានធ្វើឪពុកយើងដល់ថ្នាក់នេះ យើងនឹងអោយឯងស្លាប់យ៉ាងវេទនា!
រួចហើយក៏បញ្ចេញក្រចកដ៏មុតស្រួចរបស់ខ្លួនមកបំរុងនឹងលូកយកគ្រឿងក្នុងរបស់វណ្ណារ៉ា មិនទាន់លូកទៅដល់ផងក៏ស្រាប់តែមានពន្លឺឆពណ្ណរង្សីភ្លឺចិញ្ចាចពេញក្នុងព្រះវិហារធ្វើអោយខ្មោចទាំងអស់នាំគ្នាយកដៃខ្ទប់ភ្នែកនិងស្រែកវាស់ឡើងដោយការភ័យខ្លាចគ្រប់គ្នា ព្រោះតែចាញ់បារមីឆណ្ណរង្សីនៃព្រះពុទ្ធអង្គ។ នៅពេលនោះក៏ស្រាប់តែមានឥទ្ធិពលអ្វីម្យ៉ាងទាញស្រូបព្រលឹងវិញ្ញាណខ្មោចទាំងអស់នៅក្នុងភូមិនេះឃុំឃាំងក្រោមបល្លង្គព្រះគ្មានសល់មួយនាក់ឡើយ។
វណ្ណារ៉ាបើកភ្នែកឡើងឃើញមិត្តទាំងបីអ្នកនៅចំពោះមុខកំពុងតែញញឹមដាក់ខ្លួន
រួចហើយពួកគេក៏ស្ទុះទៅក្រសោបឱបគ្នាដោយក្តីរំភើបព្រោះបានរួចផុតពីសេចក្តីស្លាប់។ លក្ខិណាបានរៀបរាប់ទាំងទឹកភ្នែកថា៖
-ខ្ញុំនឹកស្មានថាត្រូវស្លាប់ខ្លួននៅទីនេះបាត់ទៅហើយ មិននឹកសង្ឃឹមថាអាចមានជីវិតបែបនេះសោះ។
ចិន្តានិយាយ៖
-បើកុំតែវណ្ណាបង្គាប់អោយយកព្រះកេសព្រះទៅផ្គុំ ពួកយើងគ្មានផ្លូវអាចគេចផុតពីពួកខ្មោចទាំងនោះឡើយ។
ពួកអ្នកទាំងបួនក៏នាំគ្នាទៅក្រាបថ្វាយបង្គំព្រះពុទ្ធបដិមាដោយក្តីជ្រះថ្លា។ វណ្ណារ៉ាក៏បាននិយាយនៅចំពោះមុខព្រះថា៖
-ខ្ញុំជឿហើយលើរឿងបុណ្យបាប បើមិនមានបុណ្យជួយទេ
ពួកខ្ញុំព្រះករុណាប្រាកដជាស្លាប់ជាមិនខាន។
លោកតាក៏បាននិមន្តមកដល់ហើយមានសង្ឃដីកាទៅកាន់ពួកអ្នកទាំងបួនថា៖
-អាត្មាត្រេកអរណាស់នៅពេលឃើញពួកចៅមានសុវត្ថិភាពបែបនេះ។
ពួកអ្នកទាំងបួនក្រឡេកឃើញលោកតាក៏នាំគ្នាភ្ញាក់ផ្អើលហើយបានលាន់មាត់ថា៖
-លោកតាមិនទាន់ទៅណាទេ!
លោកតាក៏មានសង្ឃដីកាឆ្លើយតបថា៖
-អាត្មាលែងជាខ្មោចហើយ ដោយបុណ្យបារមីរបស់អាត្មាខំចៀសអំពីការសាងអំពើបាប
បានប្រែអោយអាត្មាក្លាយទៅជាទេវតា។
មានសង្ឃដីកាចប់ក៏ប្រែខ្លួនទៅជាទេវតាអោយអ្នកទងបួនមើល
រួចហើយក៏បានពន្យល់ណែនាំពួកគេអោយខិតខំសាងអំពើល្អផងដែរ។ ចប់
0 Comments